បិតា​ស្ថាបត្យកម្ម ​លោក វណ្ណ មូលីវណ្ណ​ ថាចង់ចំណាយពេលចុងក្រោយនៃជីវិតរស់លោក

នៅតាម​បណ្តោយ​ដងស្ទឹង​សៀមរាប​ចម្ងាយ​ប្រហែល​ជា ៥០០​ម៉ែត្រ ​ពី​ផ្លូវលំ​ធំ​មួយ​ដែល​អ្នក​សៀមរាប​ហៅថា ផ្លូវ​៦០​ម៉ែត្រ មាន​​ផ្ទះ​ម៉ូដ​ សម័យ​បារាំង​មួយ ជា​ផ្ទះថ្ម​ ពីរ​ជាន់ មានជញ្ជាំង​ពណ៌​កំបោរ​ស្រាល ​ឆ្នូត​ស​ ​មាន​ព័ទ្ធ​របង​ជិតនោះ​ គឺជាផ្ទះ របស់ បិតា​ស្ថាបត្យកម្ម ​នៃ ​ប្រទេស​កម្ពុជា​ ដ៏ល្បីល្បាញ​នា​សម័យ​សង្គម​រាស្ត្រនិយម គឺ​លោក វណ្ណ មូលីវណ្ណ​។

 

independence+monument+and+Vann+Molyvann
លោក វណ្ណ មូលីវណ្ណ និង វិមានឯករាជ្យកាលកំពុងសាងសង់ ( ១៩៦២ – ១៩៦៤)

 

លោក វណ្ណ មូលីវណ្ណ កើត​នៅ ​ថ្ងៃ​ទី ​២៣ ខែ​វិច្ឆិកា ឆ្នាំ​ ១៩២៦ នៅ​ក្នុង ​ខេត្ត​កំពត​។ លោក វណ្ណ មូលីវណ្ណ បាន​ទទួល​សញ្ញាបត្រ​ទុតិយភូមិ​ ពី ​វិទ្យាល័យ​ ព្រះស៊ីសុវត្ថិ នៅ ​ទីក្រុង​ ភ្នំពេញ ក្នុង ​ឆ្នាំ ​១៩៤៤ ហើយ បាន​ទទួល​អាហារូបករណ៍ ​ទៅ​រៀន​ផ្នែក​ ច្បាប់​ នៅ​ទីក្រុង ​ប៉ារីស ប្រទេស ​បារាំង ក្នុង​ ឆ្នាំ​ ១៩៤៦​។ បន្ទាប់ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ លោក​ក៏​បាន​ប្ដូរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស​វិញ​។

 

លោក​បន្ត​សិក្សា​នៅ Arretche studio ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ជាមួយ​នឹង​ចំណេះដឹង និង​ទេពកោសល្យ​ដែល​មាន​ការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។ លោក​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៥៥​។ មួយ​ឆ្នាំ​ក្រោយមក​ក៏​ត្រូវ​ព្រះករុណា​សម្តេចឪ សីហនុ បាន​តែងតាំង​ជា​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា​។ លោក​ជា​ព្រឹទ្ធបុរស​ទី​១​នៃ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​(​ចាប់ពី​ឆ្នាំ​១៩៦៥ ដល់ ឆ្នាំ​១៩៦៧) ។ នៅ​ទសវត្សរ៍​៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បាន​គូរប្លង់​ស្ថាបនា​អគារ​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

គួររំលឹកផងដែរថា ស្នាដៃ​សំខាន់ៗ របស់​លោក​មានដូចជា៖

  • ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រចនា​សំណង់​ក្នុងឆ្នាំ នៅ​ឆ្នាំ​១៩៦២ សម្ពោធ​នៅ​ឆ្នាំ​១៩៦៤
  • វិមានឯករាជ្យ សាងនៅ ឆ្នាំ ១៩៥៨
  • សាលសន្និសីទ​ចតុមុខ
  • សាលមហោស្រព​ទន្លេបាសាក់
  • អគារ​ទី​ស្តីគណៈរដ្ឋមន្ត្រី ចាស់​
  • ​វិមាន​រដ្ឋ​ចំការមន
  • អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង រួមទាំង ប្លង់​វត្តអារាម និង​ស្ថានទូត​ខ្មែរ នៅ​បរទេស​ជាច្រើន​ទៀត​ផង​ដែរ​។

 

ស្នាដៃ ជាឯកសារ មានដូចជា៖

  • បុរី​នៅ​អាស៊ីអាគ្នេយ៍ អតីត​និង​បច្ចុប្បន្ន​ បោះពុម្ព​ជា​ភាសាខ្មែរ​ និង ជាភាសាបារាំង ក្នុងឆ្នាំ ២០០៩
  • ​គម្រោង​រៀបចំ​ទីក្រុង​ភ្នំពេញ
  • សៀវភៅ​គម្រោង​ទីក្រុង​ខ្មែរ​បុរាណ​ ជាដើម។

 

ចុចអាន៖ វី​ម្ចាស់​​​ស្ទឹង​​​សង្កែ ​គ​ង្គ ប៊ុ​ន​​ឈឿ​ន ទូក​ទៅ កំពង់​នៅ គឺ​ទុក​​នូវ​​ស្នា​ដៃ​​យ៉ាង​​

 

លោក វណ្ណ មូលីវណ្ណ មាន​ប្រសាសន៍​​ថា សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ ដែល​មាន​កន្លងមក ពុំ​បាន​ផ្តោត​ទៅលើ​ផ្នែក​មួយ​ចំនួន ដែល​មាន​សារៈសំខាន់​ ចំពោះ​បុរេប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា​ទេ​។ ទន្ទឹម​នឹង​នោះ សិស្សនិស្សិត​តែងតែ ​មិន​យក​ចិត្ត​ទុកដាក់​ទៅលើ​អតីតកាល ​ដែល​កន្លង​ហួស​ទាំងអស់​នោះ​ទេ ​ជាពិសេស​ គឺ​សម័យ​ខ្មែរក្រហម​។ ដូច្នេះ​គោលបំណង​នៃ​សៀវភៅ​ឯកសារ ​របស់​លោក គឺ​ព្យាយាម​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​ទាំងអស់ ​ឲ្យ​បាន​លម្អិត​ជាង​អ្នក​សរសេរ​ ពី​មុនៗ។ សៀវភៅ​ទាំងអស់​នេះ មាន​លក់​នៅ Monument Book។

 

Vann Molyvann his library

 

គួរបញ្ចាក់ផងដែរថា បច្ចុប្បន្ន បិតា​ស្ថាបត្យកម្ម ​លោក វណ្ណ មូលីវណ្ណ​ មានអាយុ ៩០ឆ្នាំ កំពុងរស់នៅក្នុង ភូមិគ្រឹះ ស្ថិតក្នុង ភូមិ​ទ្រាំង ឃុំ​ស្លក្រាម ស្រុក​សៀមរាប។ ដែលជា​ លំនៅឋាន​អចិន្រៃ្តយ៍ របស់លោក ទី​នោះ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ធម្មជាតិ​ស្រស់​បំព្រង បរិស្ថាន​ធម្មជាតិ​ស្ងប់ស្ងាត់ និង​ជា​បណ្តុំ​នៃ​រុក្ខជាតិ​តូច​ធំ​គ្រប់​ប្រភេទ ដែល​ជា​ទី​សែនមនោរម្យ​គួរ​ឲ្យ​ចង់​រស់នៅ​ក្រៃលែង​។ លោកមានប្រសាសន៍ថា “ខ្ញុំ​នឹង​ចំណាយ​ជីវិត​ចុងក្រោយ រស់នៅ​ក្នុង​ទឹកដី​ ខេត្ត​ សៀមរាប​ នេះ​ហើយ​”។

 

អត្ថបទ៖ ជីវិត និង កម្សាន្ត