U16 កម្ពុជា ប៉ះ ​វៀត​ណាម​ ល្ងាចនេះមានសង្ឃឹមឈ្នះ ព្រោះកម្ពុជាមាន…

ក្រោយពីឆ្លងកាត់ វគ្គជម្រុះ​តាម​ពូល ក្រុម U16 កម្ពុជា បាន​ផ្តួល​ក្រុម​ទីម័រ ៣-០ កាល​ពីយប់ ​ថ្ងៃ​អង្គារ បន្ថែម​ទៅ​លើការ​ឈ្នះ​ក្រុម​ឡាវ ៣-១ ឈ្នះ​ប្រ៊ុយណេ ២-០ មុន​ពេល​ចាញ់​ក្រុម​ថៃ ៦-០ កាលពី​ថ្ងៃ​អាទិត្យ បាន​ជួយឲ្យ​ក្រុម U16 កម្ពុជា បាន​ឡើង​ទៅកាន់​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​នៃ​ ព្រឹត្តិការណ៍​មួយនេះ ជា​ប្រវត្តិ​សាស្រ្ត ប៉ុន្តែ ការ​ឡើង​ទៅជួប​វៀតណាម លើកនេះ​វាជា​រឿង​ដែល​លំបាក​បំផុត​ចំពោះ​ក្រុម​កម្ពុជា ក្នុង​ការស្វែង​រកឱកាស​ទៅ​វគ្គផ្តាច់​ព្រ័ត្រ ព្រោះ U16 កម្ពុជា មិន​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​វៀតណាម​នោះ​ទេ។

Cambodia Vs Timor
រូបភាពការប្រគួត ក្រុមU16 កម្ពុជា ជាមួយក្រុមទីម័រ កាលពីថ្ងៃអង្គារ

 

បើក្រឡេកទៅមើល ពីប្រវត្តិ នៃការប្រគួត រវាង ក្រុម U16 កម្ពុជា ជាមួយនឹងក្រុម U16 វៀតណាមវិញ U16 កម្ពុជាធ្លាប់​ស្មើ ២-២ ជាមួយ​ក្រុម U16 វៀត​ណាម ក្នុង​វគ្គជម្រុះ​តាម​ពូល នៅ​ឆ្នាំ ២០០៥ ​ការជួប​គ្នា​ជា​លើកទី ២ នៅ​ឆ្នាំ ២០១១ កម្ពុជា បាន​ចាញ់ ៤-១ ហើយ​ការ​ប៉ះគ្នា​លើក​ចុង​ក្រោយ កាល​ពីឆ្នាំ ២០១៣ វៀត​ណាម បាន​លត់​ក្រុម​កម្ពុជា ៦-០។

ចំពោះ ​ការ​ប្រកួត​ជម្រុះ​តាម​ពូល នៅឆ្នាំ ២០១៦ នេះ ក្រុម​ U16 វៀតណាម បាន​ឈ្នះ ​ក្រុម​ម៉ាឡេស៊ី ៣-០ ឈ្នះ​អូស្រ្តាលី ៣-០ ឈ្នះ​មីយ៉ាន់ម៉ា ៥-១ ស្មើ​ហ្វីលីពីន ៣-៣ និង​ឈ្នះ​សិង្ហបុរី ៣-០ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ប្រចាំ​ពូល A។

 

យ៉ាង​ណា​ក៏​ដោយ លោក​ Amandio Sarmento អ្នក​ដឹកនាំ​របស់​ក្រុម​ទីម័រខាង​កើត​ បែរ​ជាមើល​ឃើញ​ថា កម្ពុជា អាច​នឹងឈ្នះ​ក្រុម​វៀតណាម ដោយ​លោក​បាន​និយាយ​ក្រោយ​ពេលក្រុម​ទីម័រ ចាញ់​កម្ពុជា ៣-០ ថា ក្រុម​វៀតណាម​ពិតជា​ក្រុម​ខ្លាំង​មួយមែន​ ប៉ុន្តែ​ ម្ចាស់ផ្ទះ​កម្ពុជា​អាចនឹង​យក​ឈ្នះ​ក្រុម​វៀតណាម​បាន ព្រោះ​ក្រៅពី​ទម្រង់​លេងល្អ និង​មាន​ឆន្ទៈ​ក្នុងការ​ប្រកួត ក្រុម​កម្ពុជា នៅមាន​កីឡាករ​ទី ១២ គឺអ្នក​គាំទ្រ ចាំ​ជួយ​លើក​ទឹកចិត្ត​ដល់​ពួកគេ។

 

ចំណែក​លោក Inoue Kazunori គ្រូ​បង្វឹក​ U16 កម្ពុជា បាន​និយាយ​ថា៖ «នៅ​ពេល​យើង​មិនទាន់​បាន​សាក​ជាមួយ​គេ គឺយើង​មិនអាច​វាយ​តម្លៃ​លទ្ធផល​ទុកមុន​បាន​នោះ​ទេ ប៉ុន្តែ​ខ្ញុំមើល​ឃើញ​ថា ក្រុម​វៀតណាម មាន​ទម្រង់​លេង​ល្អដែរ»។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៌។

ដើម្បីឲ្យក្រុម U16 កម្ពុជា មានអាចមានឱកាសឈ្នះ ក្រុមវៀតណានៅល្ងាចនេះកាន់តែច្រើន សូមយើងទាំងអស់គ្នាដែល ជាកីឡាករទី ១២ (អ្នក​គាំទ្រ ចាំ​ជួយ​លើក​ទឹកចិត្ត​ដល់​ពួកគេ) សូមចូលរួមលើកទឹកចិត្ត ដល់ ក្រុម U16 កម្ពុជា ឲ្យបានច្រើនកោះករ នៅ​ពហុកីឡ​ដ្ឋាន​ជាតិ ម៉ោង ៦:៣០ ល្ងាច ថ្ងៃ​ព្រហស្បតិ៍​នេះ។

 

 

អត្ថបទ៖ ជីវិត កម្សាន្ត