ជីវប្រវត្តិ និង ការងាររបស់ លោក បណ្ឌិត កែម ឡី (១៩៧០ – ២០១៦)

លោក កែម ឡី កើត​នៅ​ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ ១៩៧០ ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ភូមិ​អង្គ​តាកុក ឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ឪពុក​របស់​លោក​ដែល​ជា​សាស្ត្រាចារ្យ​បាន​ស្លាប់​​នៅ​ជំនាន់ ប៉ុល ពត ធ្វើ​ឲ្យ​លោក និង​បងប្អូន​ប្រុស​ស្រី​ពីរ​នាក់​ទៀត​ក្លាយ​ជា​កូន​កំព្រា​រស់នៅ​ជាមួយ​ម្តាយ​មេម៉ាយ​ចាប់​តាំង​ពី ឆ្នាំ​ ១៩៧៩ មក។ ​លោក​បាន​រៀបការ​នៅ​ឆ្នាំ​ ២០០១ ហើយ​បច្ចុប្បន្ន ​មាន​កូន​សុទ្ធ​តែ​ប្រុស​ចំនួន ៤ រូប​កូន​បង​អាយុ ១៤ ឆ្នាំ និង​កូន​​តូច​អាយុ ៦ ឆ្នាំ​។ បច្ចុប្បន្ន​ភរិយា​របស់​លោក​កំពុង​មាន​ផ្ទៃ​ពោះ​ ៦ ​ខែ​។

 

Kem Ley Biography 1970-2016

ដោយសារ​តែ​ម្តាយ​ជួប​ការ​លំបាក​ខាង​ជីវភាព​នៅ​ពេល​រៀន​បាន​ត្រឹម​ថ្នាក់ ទី ៥ កុមារា កែម ឡី។ ថ្វី​ត្បិត​លោក កែម ឡី ត្រូវ​រស់​នៅ​​ក្នុងជីវភាព​គ្រួសារ​ក្រីក្រ ប៉ុន្តែ​នេះ​​មិន​មែន​ជា​ឧបសគ្គ​នៅ​ក្នុង​ជីវិត​សិក្សា​របស់​លោក​ទេ​។ លោក​បានតស៊ូ​រៀនសូត្រ ដោយ​ស្នាក់​នៅ​ជាមួយ​គេ​ផង និង​វត្តផង ​រហូតរៀន​​ចប់​មហាវិទ្យាល័យ​នៅ​កម្ពុជា ហើយ​​​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​។

 

បន្ទាប់ពីបាន ​រៀន​ចប់​មហាវិទ្យាល័យ លោកបាន​ចូល​​ធ្វើការ​នៅ​ក្រសួង​សុខាភិបាល​កាន់​ខាង​ផ្នែក​ជំងឺ​ឆ្លង ដោយសារ​តែ​ធ្វើ​ការងារ​រដ្ឋ​ទទួល​បាន​ប្រាក់​ខែ​ទាប ​គាត់​បាន​ឈប់​ធ្វើ​ការងារ​រដ្ឋ​ នៅ​ក្នុង​អំឡុង​ឆ្នាំ​ ២០០០ ហើយ​បាន​ទៅ​ធ្វើការ ​នៅ​កាកបាទ​ក្រហម​កម្ពុជា។ បន្ទាប់​មក​លោក​បាន​ចេញ​ទៅ​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ទៅ​ធ្វើ​ជា​អ្នក​ប្រឹក្សា​ឲ្យ​អង្គការ UNDP អស់​រយៈពេល ៤ ​ឆ្នាំ។ ក្រោយ​ពី​បញ្ច​ប់​ការងារ​នៅ UNDP លោក​បាន​ទៅ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ថៃ។

 

ចុចអាន៖វី​ម្ចាស់​​​ស្ទឹង​​​សង្កែ ​គ​ង្គ ប៊ុ​ន​​ឈឿ​ន ទូក​ទៅ កំពង់​នៅ គឺ​ទុក​​នូវ​​ស្នា​ដៃ​​យ៉ាង​​

 

លោក កែម ឡី បាន​បង្កើត​ក្រុម​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​ខ្លួន​មួយ​ដែល​គេ​ហៅថា Freeland consultant នៅ​ឆ្នាំ​ ២០០៨ បន្ទាប់ពី​លោក​បាន​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ ជូឡាឡុងកន ប្រទេស​ថៃ​ផ្នែក​ជំនាញ​សិក្សា​ស្រាវជ្រាវ​លើ​ផ្នែក​សុខភាព​សាធារណៈ និង​បញ្ចប់​ការ​សិក្សា​​ពី​សាកលវិទ្យាល័យ ម៉ាឡៃយ៉ា​ប្រទេស​ម៉ាឡេស៊ី​លើ​​ផ្នែក​វិទ្យាសាស្ត្រ​សង្គម។ ​លោក បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ភាគច្រើន​ខាង​ផ្នែក​ សង្គមកិច្ច ​បន្ទាប់​មក​ខាង​ផ្នែក ​ដីធ្លី​ សិទ្ធិ​លំនៅ​ឋាន ​សិទ្ធិ​មនុស្ស ​ធនធាន​រ៉ែ​ ហើយ​ចាប់​​ពី​ឆ្នាំ  ២០១៤ លោក​បាន​​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ភាគច្រើន​ទៅ​លើ​រឿង​នយោបាយ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​។

 

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ ធ្លាប់លើក​ឡើង​ថា លោក​អាច​នឹង​ស្លាប់​ដោយ​សារ​ការ​វិភាគ​មិន​សំចៃ​មាត់​របស់​លោក​។ ប៉ុន្តែ​លោក​មិន​រារែក​ឡើយ​។ លោក​មាន​ក្ដី​សង្ឃឹម​ថា ការ​វិភាគ​របស់​លោក នឹង​ជំរុញ​ឲ្យ​អ្នក​ចេះ​ដឹង​ខ្មែរ​មាន​ភាព​ក្លាហាន ហើយ​ហ៊ាន​និយាយ​ពី​ការ​ពិត​ដូច​លោក​ដែរ​។ កន្លង​មក លោក​បាន​បណ្ដុះ​បណ្ដាល​អ្នក​ស្រាវ​ជ្រាវ​និង​អ្នក​វិភាគ​វ័យ​ក្មេង​ជា​ច្រើន​នាក់។ លោក​បាន​រៀបចំ​ជំនួប​អ្នក​វិភាគ​ទាំង​ចាស់​ទាំង​ថ្មី​ជា​រៀង​រាល់​សប្ដាហ៍​នៅ​ហាង​កាហ្វេ ដើម្បី​បណ្ដុះ​បណ្ដាល​សម្រួច​ពួក​គេ​ឲ្យ​មាន​ជំនាញ​វិភាគ​ទៅ​តាម​វិស័យ​ផ្សេង​ៗ​​។ សម្រាប់បុរស​សំបុរ​ស្រអែម មាឌ​ធំ​រូប​នេះ ទៅ​ថ្ងៃ​មុខ លោក​​ចង់​ឃើញ​​កម្ពុជា មាន​អ្នក​វិភាគ​ច្រើន និង​មាន​ជំនាញ​ច្បាស់​លាស់។​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ វិទ្យុបារាំង។

 

រឿងដែលគួរឲ្យកោតសរសើរបំផុត៖ លោកថា លោក​​​មិន​ដែល​ទទួល​បាន​ប្រាក់​កម្រៃពី​ការ​វិភាគ​របស់​ខ្លួន​ទេ​ ហើយពេល​ខ្លះទៀត​ ស្ថាប័ន​ព័ត៌មាន​មួយចំនួន ​អញ្ជើញ​លោក​ទៅ​សម្ភាស គ្មាន​ទាំង​ដាក់​ទឹក​ឲ្យ​ទទួល​ទាន​ទៀត​ផង។

 

លោក កែម ឡី ធ្លាប់​បាន​និយាយ​​ថា ​លោក​គ្មាន​បំណង​​ទៅ​បង្កើត​គណបក្ស​នយោបាយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​ ឬ​ទៅ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​​ទទួល​បាន​តំណែង​ណា​មួយ​នោះ​ទេ​គឺ​លោក​ចង់​បន្ត​ធ្វើ​ជា​អ្នក​ឃ្លាំ​មើល​សង្គម​ឯករាជ្យ​ពីព្រោះ​លោក​ចង់​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​លោក​ឲ្យ​បាន​ល្អ​ផូរផង់​រហូត​ ដល់​ថ្ងៃ​ស្លាប់​។ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រការសែត ភ្នំពេញ​ប៉ុស្តិ៍៕

 

ចុចអាន៖ បិតា​ស្ថាបត្យកម្ម ​លោក វណ្ណ មូលីវណ្ណ​ ថាចង់ចំណាយពេលចុងក្រោយនៃជីវិតរស់លោក

 

 

ប្រភព៖ គេហទំព័រ វិទ្យុបារាំងអន្តរជាតិ / គេហទំព័រការសែត ភ្នំពេញ​ប៉ុស្តិ៍