«ដេកថ្ងៃ» ដឹងអត់? ថាវាមានប្រយោជន៍ខ្លាំងណាស់ សុខភាព និង ផលិតភាព

មនុស្ស​ពេញ​វ័យ ពេញ​កម្លាំង​ធ្វើការ ជា​បុរស និង​ ស្ត្រី​អ្នក​ជំនួញ​ គូរ​ឆ្លៀត​​សម្រាក​ថ្ងៃ​ត្រង់​បន្តិច​ ដើម្បី​ កាត់​បន្ថយ​ស្ត្រេស បង្កើន​ប្រសិទ្ធិភាព​ និង​លទ្ធផល​នៃ​សមត្ថភាព​ធ្វើ​ការងារ។ ព្រោះ​​បើ​តាម​ការសិក្សា​របស់​ NASA គេង​ថ្ងៃប្រមាណ​តែ​​ ២០​នាទី អាច​បង្កើន​ការ​ផ្ចង់​អារម្មណ៍​បាន​ ៣៤% និង បង្កើន​សមត្ថភាព​ធ្វើការ​បាន ២៥%។

Advantage of sleep at lunch break time

 

បើ​តាម​ការ​សិក្សា​ថ្មី​បំផុត​មួយ​របស់​វិទ្យាស្ថាន​ជាតិ​ការពារ និង​ អប់រំ​សុខភាព​របស់​បារាំង​ បាន​បង្ហាញ​ថា មនុស្ស ​៦២%​ ដែល​បាន​ចោទ​សួរ បានឆ្លើយថា ពួកគេ ទទួល​ដំណេក​មិន​គ្រប់គ្រាន់​នោះទេ។ ដំណេក​គ្រប់គ្រាន់ និង ​ត្រឹម​ត្រូវ​តាម​​ក្បួន​វេជ្ជសាស្ត្រ ពី​គេង​ពី​ ៧ ទៅ ៨​ ម៉ោង​ ជាមធ្យម ក្នុង​មួយ​ថ្ងៃ​។ គេង​​ក្រោម​ ៦​ម៉ោង ចាត់​ទុក​ថា​ “មិន​គ្រប់​គ្រាន់” ។

 

ការ​ទទួលទានដំណេក រឺ គេង មិនបានគ្រប់គ្រាន់នេះ អាចបណ្តាលឲ្យអ្នក​៖

  • បង្កើន​គ្រោះ​កើតជំងឺ​ទឹក​នោម​ផ្អែម
  • ជំងឺ​សរសៃ​ឈាម​បេះដូង
  • ប្រព័ន្ធ​ការ​ពារ​ខ្លួន​ចុះ​ខ្សោយ
  • ការ​ចងចាំ​ និង​ភាព​ប្រុង​ប្រយ័ត្ន​ធ្លាក់​ចុះ​
  • ​កើត​រោគ​ព្រួយ​ និង​​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​
  • បាត់បង់ សមត្ថភាព ​ផ្ទង់​​អារម្មណ៍​​ធ្វើការ
  • មាន​រំខាន ​ដល់ ​សកម្មភាព​​ ជីវិតរស់នៅ និង ការងារ​​ប្រចាំ​ថ្ងៃ
  • ហើយអ្វីដែលមិនអាចមើលរំលងនោះគឺ គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដែល​អាច​ងាយ​​កើត​ឡើង បំផុត​​នៅ​ពេល​​ អ្នក​បើកបរ​នឿយហត់​ គេង​មិន​ឆ្អែត អត់​ងងុយ ​ ឬ​ងងុយ​គេងនោះ។

 

​ដំណោះ​ស្រាយ​មាន​តែ​មួយ ដើម្បីបំពេញដំណេកបន្ថែម និង ជួយកាត់បន្ថយនៅបញ្ហាទាំងនោះ​ គឺ​សម្រាក​​ថ្ងៃ «ដេកថ្ងៃ»។

 

ពាក្យ​ថា​ « ដេក​ថ្ងៃ » បើ​និយាយ​ជា​ភាសា​បារាំង គឺ « Sieste » ពាក្យ​ថា​ Sieste នេះ មាន​ដើម​កំណើត​ពី​ភាសា​ឡាតាំង ថា Sixta ដែល​​មាន​ន័យថា ម៉ោង​ទី ៦ រាប់​ពី​ពេល​ព្រឹកមក ពោល​គឺ ​ត្រូវ​នឹង​ម៉ោង​ ១២​ថ្ងៃ​ត្រង់ សម្រាប់​ពួក​រ៉ូម៉ាំង។ ដូច្នេះ ពាក្យ​ថា​ Sieste ​គឺ​សម្រាក ក្រោយ​ពេល​បរិភោគ​បាយ​ថ្ងៃ​ត្រង់​ហើយ (ទោះ​លក់ក្តី​ ឬ​មិន​លក់ក្តី)​។ នេះ​ជា​ការ​ពន្យល់​បញ្ជាក់​របស់​អ្នក​និពន្ធ​សៀវភៅ​និយាយ​អំពី ការ​គេង​ថ្ងៃ។ ​បើ​និយា​យ​ជា​ភាសា​ខ្មែរវិញ រិត​តែ​ស្រួល​យល់​ទៀត​។ ភាសា​ខ្មែរ​ប្រើ​ថា ដេក​ថ្ងៃ- គឺ​ពន្យល់​បញ្ជាក់​ដោយ​ត្រង់​ៗ ចំៗ អំពី សកម្មភាព​ សម្រាក -​ សម្រាន្ត​ពេល​ថ្ងៃ​ត្រង់ ក្រោយ​ពេលបាយ​រួច​។ ប៉ុន្តែ​ផ្ទុយ​ពី​គំនិត​ធ្លាប់​គិត​ និង​យល់​ពី​មុន​មក ទម្លាប់​ទម្រេត​ខ្លួន​ មួយ​ភ្លែត​ ដើម្បី​កាត់​ថ្ងៃ​ជា​ពីរ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​គេង​​ថ្ងៃ​ គឺ​ជា​កាយវិការ​ជួល​ជុល ឬ​បំពេញ​កង្វះ​ដំណេក កាលពី​ពេ​ល​យប់។​​

 

ការ​ទទួលទានដំណេកពេល​ថ្ងៃ មាន​ផល​ប្រយោជន៍ជា​ច្រើន ដូចជា ៖

  • គេង​ថ្ងៃ​អាច​កាត់​បន្ថយ ​Stress បាន
  • ជូយបំពេញបន្ថែមដំណេក សម្រាប់អ្នកធ្វើការដល់យប់ជ្រៅ
  • ​អាច​ជួយ​ឱ្យ​មាន រក្សា​បាន​​​ការ​​ចងចាំ​​ល្អ
  • អាច​ផ្ទង់​អារម្មណ៍​បាន​នឹង​ ក្នុង​ការ​បញ្ចេញ​សកម្មភាព​ការងារ​ ឬ​គំនិត​ផ្តួច​ផ្តើម​ល្អ​
  • ​ធ្វើ​ឱ្យ​​មុខ​ងារ​​ប្រព័ន្ធ​​ប្រសាទ​មាន​លំនឹង​ល្អ​ឡើង​វិញ។

 

ដូច​គ្នា​នេះ​ដែរ សម្រាក​តែ​​ពីរ​ឬ​បី​នាទី ​ប៉ុណ្ណោះ អាច​នឹង​ធ្វើ​ឱ្យ​យើង​ស្ថិត​នៅ​ជា​មនុស្ស​មាន​​សភាព​រហ័ស​រហួន​ជានិច្ច​ ព្រោះ​តែ​បាន​សម្រាក​សូ្រប​យក​ថាមពល​មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​សរីរាង្គកាយ​ឡើង​វិញ​បាន។ អ្នក​ដែល​មាន​កាលវិភាគ​ការ​ងារ​មមាញឹក ជាប់​រដឹក​​ដល់​យប់​ជ្រៅ ការ​សម្រាក​ពេល​ថ្ងៃ​បន្តិច​បន្តួច​សោះ​ អាច​នឹង​ជួយបំពេញ​​​ដំណេក​ពេល​យប់​បាន​ពី​មួយ​ម៉ោង ទៅ​ពីរ​ម៉ោង ក្នុង​មួយ​ថ្ងៃ។

 

គ្មាន​ទេ​ក្បួន​ខ្នាត ឬ​វេជ្ជ​បញ្ជា​ពិសេស​ ប្រាប់​ពី​ រយៈ​ពេល​នៃ​ការ​គេង​ថ្ងៃ ! រយៈពេល​ដ៏​ប្រពៃ គឺ​អាស្រ័យទៅ​តាម​ពេល​វេលា​របស់​បុគ្គល​ម្នាក់ៗ។ ប៉ុន្តែ​ដើម្បី​ជា​​គោល​ សម្រាប់​ជួយ​លោក​អ្នក ការ​គេង​ថ្ងៃ​កំរិត​ស្តង់ដារ គឺ ២០​នាទី។ ប៉ុន្តែ​ជា​ថ្មី​ម្តង ចំនួន​ និង​រយៈ​ពេល​ ​គេង​​ថ្ងៃ​ អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​បុគ្គល​ម្នាក់ៗ ជួន​ទៅ​តាម​កាលវិភាគ​ការងារ ជួន​ទៅ​តាម​ការ​ចូល​ចិត្ត។

 

និយាយ​អំពី​​រៀប​គេង​ថ្ងៃ​វិញ ដំបូន្មាន​ដ៏​សំខាន់​បំផុត គឺ​ត្រូវ​ធ្វើ​ដោយ​សម្រួល​។ ប្រសិន​បើ​មិន​អាច​ទម្រេត​គេង​ ដោយ​ដាក់​ខ្នង​ផ្ទាល់​នឹង​កន្ទេល​ឬ​គ្រែ​បានទេ គេង​អង្គុយ​ក៏​បាន តែ​ខ្នង​ត្រូវ​ត្រង់​ បើ​អាច​ត្រូវ​យក​អ្វី​មក​ទល់​កល់​ខ្នង ដាក់​ក្បាល​សង្កត់​កើយ​ទៅ​ក្រោយក៏​បាន​ ផ្កាប់​មុខ​ក៏​បាន​។ ដៃ​និង​ជើង ត្រូវ​លា​ឱ្យ​ត្រង់​ កុំ​ក្រព័ទ្ធ​ ឬ​គង​ខ្វែង​គ្នា ហើយ​​ធ្មេចឬ​បិទ​ភ្នែក​សម្រាក​ចុះ។

 

នៅក្នុង​យន្ត​ហោះ ក៏​ដូច​ជា​នៅ​ក្នុង​រថយន្ត​ ឬ​រថភ្លើង​ ឬ​នៅ​កន្លែង​ធ្វើ​ការ​ ការ​គេង​ថ្ងៃ​អាច​ធ្វើ​បាន​គ្រប់ពេល​ និង ​គ្រប់​ទីកន្លែង​​ទាំង​អស់ សល់​តែ​មួយ​គឺ​ធ្វើ​យ៉ាង​ណា​បញ្ចុះ​បញ្ចូល​ឱ្យ​ថៅកែ ឬ​ប្រធាន​​ទទួល​ស្គាល់​និង​យល់​ព្រម​ថា គេ​ង​ថ្ងៃច្រើន​ ធ្វើ​ការ​បាន​ច្រើន​ និង​មាន​ប្រសិទ្ធិភាព ជា​ការ​ស្រេច​ហើយ​៕

 

 

អាន៖  ញ៉ាំដើម្បីរស់ ឬ រស់ដើម្បីញ៉ាំ?

 

អត្ថបទ សុខភាព