ការ​ពុល​ឡាន គឺ​ជា​ជម្ងឺ? ធ្វើ​ដូច​ម្តេច ដើម្បី​កុំ​ឲ្យ​ពុល​ឡាន?

តើហេតុអ្វី បានជាអ្នកពុលឡាន? អ្នកមិនបានបរិភោគវាឯណា ម្តេចក៏ពុលវាទៅកើត? យើង​មិន​បាន​បរិភោគ​ក៏​ពិត​មែន ក៏ប៉ុន្តែនៅពេលដែលយើងចូលទៅដល់ក្នុងឡាន យើងជិះឡាន អ្នកដំណើរ​ មាន​អារម្មណ៍​មិន​ស្រួល​ ឈឺក្បាលវិលមុខ បែកញើសស្រស្រាក់ រកកល់ចង់ក្អួតភ្លៀម ដូចបរិភោគ​អ្វីខុសអញ្ចឹង។ អ្នកខ្លះគ្រាន់តែចូលទៅដល់ក្នុងឡាន ចេះដំណើរមិន​ទា​ន់ទាំង​បាន​១០០ម៉ែតផង ក៏តាំង​ពុលច្រងាត់ច្រងិលទៅហើយ។

 

 

ការពិតអាការៈនេះ​ស្តែងឡើង ដោយហេតុថា ព័ត៌មាន​ដែល​ខួ​ក្បាល​បាន​ទទួល​ ព័ត៌​មាន​ដែល​ភ្នែក​មើល​ឃើញ ត្រជាក់ស្តាប់ឮ និងរាងកាយដែលសាច់ដុំ​ប៉ះ​ពាល់​មានសភាព​មិនច្បាស់លាស់​ច្របួក​ច្របល់​ប្រឆាំង​គ្នា និយាយ​ជារួមគឺខ្លួនប្រាណយើងបាត់​លំ​នឹង​ បង្កទៅជាការភ័យព្រួយគិតច្រើន ទោះ​បី​ជាការ​គិត​នោះ​​ធ្វើឡើយ​ដោយ​មិន​បាន​ប្រឹង​ មិនបានដឹងខ្លួនក៏ដោយ ក៏​អាការៈ​ពល​ឡាន​នេះ​ បាន​ស្តែង​ចេញ​ឡើង​មក​ដែរ​។ ខ្លិនផ្សេងៗ កំដៅ សម្លេងម៉ាស៊ីនឡាន ក៏ជាកត្តា​បន្ទាប់​បន្សំ​នាំ​ឲ្យ​ពុល​​ឡាន​ដែរ​ ដូច្នេះបានជាអ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យមួយចំនួន គិតថា ការពុលឡាន មិន​មែន​ជា ជម្ងឺនោះទេ។ ជនគ្រប់រូប អាចមានអាការៈពុលឡានទាំងអស់ មិនថាក្មេងចាស់ប្រុសស្រី ដែល​ធ្លាប់​ជិះ​​ឡាន​​តាំង​​ពី​​តូច រឺមិនធ្លាប់​ជិះឡាន​នោះទេ​ ក៏ប៉ុន្តែ អ្នកជិះឡានពុល​ទូទៅ ​គឺកុមារ និងស្រ្តីភេទ។

 

ទោះបីជាយើងដឹងច្បាស់ថា ការពុលឡាននេះបណ្តាលមក ខួរក្បាលមិនអាចវិនិច្ឆ័យ ព័ត៌មាន​ដែល​មាន​លក្ខណប្រឆាំងគ្នាក៏ដោយ ក៏ការតាំងចិត្តតាំងកាយ តាំងអារម្មណ៍មិនអាចឲ្យយើងបញ្ចៀស​ផុត ពីការពុល​ឡាន​នេះ​បានដែរ។ មធ្យោបាយ​សាមញ្ញនិង មានប្រសិទ្ធភាពនោះ គឺការប្រើប្រាស់​ថ្នាំ​នៅមុនពេលធ្វើដំណើរពីបីថ្ងៃមុន រឺនៅពេលមុនចេញដំណើរ។ កាលដែលគេ​និយាយថា កុំញ៉ាំ​អាហារ​ច្រើន​មុនពេលចេញ​ធ្វើដំណើរ ដែលវាអាចធ្វើឲ្យយើងក្អួត គឺវាជាការផ្ទុយស្រលះ តាមពិត​អ្នក​គួរតែបរិភោគឲ្យឆ្អែតកុំឲ្យក្រពះទំនេរ។

 

គេមានវិធីងាយៗ ជាច្រើនដើម្បីជួយកុំឲ្យពុលឡាន ទាំង​មុនពេល និងពេលកំពុងធ្វើដំណើរ៖

  • ការប្រើថ្នាំ ពេលមុន រឺក៏ពេលចេញដំណើរ
  • បើការធ្វើដំណើរផ្លូវឆ្ងាយ គួរឧស្សាហ៍ឈប់សម្រាកឲ្យបានច្រើនដង
  • ជៀសវាងកុំមើលទេសភាព រឺមើលវត្ថុអ្វីដែលមានចលនានៅចំហៀងកញ្ចក់ឡាន
  • ត្រូវផ្តោតភ្នែកមើលទៅមុខរថយន្ត សម្លឹងមើលជើងមេឃ
  • អ្នកឈប់ពុលឡានបើអ្នក ជាអ្នកបើកបររថយន្តខ្លួនឯង
  • ត្រូវបើកបង្អូច ដើម្បីឲ្យមានខ្យល់ចេះចូលគ្រប់គ្រាន់
  • មិនត្រូវបើកសម្លេងចម្រៀងឮៗពេក តែបើគាត់អាចច្រៀងបានជាការប្រសើរ
  • មិនត្រូវបើកលឿនពេក ជាពិសេស គឺពេលដំឡើងល្បឿន និងពេលបន្ថយល្បឿន​។

 

 

អត្ថបទ៖ សុខភាព