គុណប្រយោជន៍ដ៏ច្រើន អនេក​នៃ​ផ្លែ​ប៉ោម ដែល​អ្នក​ប្រហែល​​ជា​​មិន​ដឹង

ក្រហម បែតង ឬលឿង ផ្លែប៉ោមគឺជាចំណីអាហារដែលសម្បូរទៅដោយសារធាតុអង់ទីអ៊ុកស៊ីដង់ និងសរសែ។ ទទួលទានផ្លែប៉ោម ជាប្រចាំ អាចជួយទ្រទ្រង់សុខភាពយើងផង និងជួយកាត់បន្ថយគ្រោះកើតជំងឺសរសែឈាមបេះដូង ជំងឺមហារីក និងជំងឺហឺត។តើផ្លែប៉ោម មានគុណប្រយោជន៍យ៉ាងណាចំពោះសុខភាព ? តើត្រូវជ្រើសរើសផ្លែប៉ោមប្រភេទណា ? និងទទួលទានក្នុងកំរិតណា ទើបអាចទាញផលល្អមកបំរើសុខភាពយើងបាន ?

Variety color of Apple

 

ប៉ោម មិនមែនជាផ្លែឈើដ៏អស្ចារ្យ និងមានតម្លៃខ្ពស់ទៀតទេ ក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។ ជាផ្លែឈើដ៏សាមញ្ញរហូតដល់លែងសូវមានអ្នកនឹកនាចង់ទទួលទានផង ប៉ុន្តែតាមការពិតទៅនោះ ផ្លែប៉ោម មានផ្ទុកនូវគុណប្រយោជន៍ដ៏ច្រើនអនេកសម្រាប់សុខភាព។

 

តើអ្នកវិទ្យាសាស្ត្ររកឃើញ និងពន្យល់យ៉ាងដូចម្តេចខ្លះចំពោះផលល្អនៃផ្លែប៉ោម ?

 

គុណប្រយោជន៍នៃផ្លែប៉ោមចំពោះសុខភាព ៖

–       កាត់បន្ថយគ្រោះកើតជំងឺសរសៃឈាមបេះដូង  ៖ អំណាចអង់ទីអុកស៊ីដង់ ក្នុងផ្លែប៉ោម អាចជួយទៅកាត់បន្ថយ និងការពារជាតិខ្លាញ់លីពីន ដែលមានចរន្តក្នុងឈាម និង ជួយកាត់បន្ថយអត្រាជាតិកូឡេស្តេរ៉ូល ខ្លាញ់ក្នុងឈាមផងដែរ។ បើតាមការសិក្សាថ្មីចុងក្រោយបង្ហាញថា បរិភោគផ្លែប៉ោម ជាផ្លែឈើស្រស់ អាចកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយសញ្ញារោគស្ទះសរសៃឈាមអាទែរ កូរ៉ូណែ (syndrome coronaire aigu) របស់មនុស្សប្រុសជាពិសេស។ បើចំពោះការសិក្សាលើមនុស្សវិញ បង្ហាញថា ការទទួលទានផ្លែប៉ោមស្រល់ដែលមានផ្ទុកពេញទៅដោយសារធាតុ និងរសជាតិដើមធម្មជាតិ លាយជាមួយនឹងបន្លែផ្លែឈើមានសារធាតុសរសៃផ្សេងទៀត បានទៅបញ្ចុះកាឡូស្តេរ៉ូលអាក្រក់ យ៉ាងពិសេសតែម្តង។

 

–       ជំងឺហឺត ៖ អ្នកមានជំងឺនេះ គួរតែបរិភោគផ្លែប៉ោមជាប្រចាំឬ ? ញ៉ាំផ្លែប៉ោម (២ផ្លែ ឬច្រើនជាងនេះ ក្នុងមួយសប្តាហ៍) នោះមុខងារផ្លូវដង្ហើម ហេតុទាំងឡាយដែលបង្កឡើងដោយជំងឺហឺត ព្រមទាំង ការរលាកផ្លូវដង្ហើម នឹងបានទទួលឥទ្ធិពលការពារពីសារធាតុគ្មានពីរ នៃផ្លែប៉ោម។ សារធាតុប៉ូលីហ្វេណុល និងហ្លាវ៉ូណូអ៊ីត របស់ផ្លែប៉ោម នឹងទៅបង្កើនសមត្ថភាពផ្នែកអង់ទីអុកស៊ីដង់របស់សរីរាង្គកាយយើង ដោយទៅបញ្ចុះភាពរាលដាលរលាករបស់អ្នកមានផ្ទុកជំងឺហឺត។ ម្យ៉ាងវិញទៀត បើស្ត្រីមានគ៌ភ ពិសារផ្លែប៉ោម ក្នុងពេលពរពោះ ទារកកើតមកនឹងមានគ្រោះកើតជំងឺហឺត តិចជាងកូនអ្នកមិនបរិភោគប៉ោម។

 

–       ជំងឺមហារីក ៖ ការសិក្សាជាច្រើនបានបង្ហាញថា ការបរិភោគផ្លែប៉ោម ជាប្រចាំ អាចកាត់បន្ថយគ្រោះជួបជំងឺមហារីក ជាពិសេសជំងឺមហារីកសួត មហារីកពោះវៀនទ័ល។ ការសិក្សា តាមបែប In vitro លើការបណ្តុះកោសិកា បានបញ្ជាក់ថា ការទទួលទានទឹកប៉ោម ឬប៉ោមមួយផ្លែ ឬច្រើនជាងមួយ ក្នុងមួយថ្ងៃ ជាប្រចាំ ឡេឃើញប្រសិទ្ធភាពផ្នែកការពារ បញ្ចេញឥទ្ធិពលប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ពោះវៀនទ័ល មហារីកសុដន់ និងសួត។

 

ផ្លែប៉ោមមានផ្ទុកសារធាតុអ្វីខ្លះ?

ប៉ោមមានផ្ទុក សារធាតុ អង់ទីអុកស៊ីដង់ ជាច្រើនប្រភេទ ដែលអ្នកស្រាវជ្រាវទទួលស្គាល់ថាមានតួនាទីការពារប្រឆាំងនឹងប្រតិកម្មរបស់អាដេអិន ការរីកសាយភាយនៃកោសិការមហារីក មានតួនាទីកាត់បន្ថយអត្រាជាតិខ្លាញ់ក្នុងឈាម និងធ្វើឱ្យប្រសើរឡើងដំណើរការផ្លូវដង្ហើម។

 

គែរសេទីន ជាអង់ទីអុកស៊ីដង់ ដ៏មានមហិទ្ធិរិទ្ធិ មានអំណាចទប់ទល់ប្រឆាំង នឹងមហារីកផង និង ប្រឆាំងនឹងជំងឺសរសៃឈាមបេះដូងផង។ បើតាមអ្នកស្រាវជ្រាវ គែរសេទីន មានចំណែកធំធេងណាស់ក្នុងការនាំផ្លែប៉ោមឱ្យមានឥទ្ធិពលការពារប្រឆាំងនឹងជំងឺមហារីក។ ហើយ ប្រូស៊ីយ៉ានីឌីន ការពារមិនឱ្យមានការអភិវឌ្ឍន៍កោសិកាមហារីក។

 

ប៉ូលីហ្វេណុល របស់ផ្លែប៉ោម មានគុណប្រយោជន៍ល្អណាស់សម្រាប់កូឡេស្តេរ៉ូល និងសម្រាប់កាត់បន្ថយដំបៅក្នុងសរសៃឈាម។ ការសិក្សាបានបង្ហាញ ថា មនុស្សម្នាក់ដែលទទួលទានថ្នាំ ប៉ូលីហ្វេណុល (៦០០ម.ក្រ,)ចម្រាញ់ចេញពីផ្លែប៉ោម ជារៀងរាល់ថ្ងៃ ចំនួន១២សប្តាហ៍ កូឡេស្តេរ៉ូលអាក្រក់ និងខ្លាញ់ក្នុងពោះ បានស្រកចុះ។ (ចុះម្តេចមិនពិសារផ្លែប៉ោមតែម្តង ដែលមួយផ្លែមានផ្ទុក សារធាតុប៉ូលីហ្វេណុលដល់ទៅប្រមាណ២០០ មីល្លីក្រាម ?)

 

សារធាតុសរសៃ នៅក្នុងផ្លែប៉ោមមានសារធាតុអាស៊ីតម្យ៉ាងដែលហៅ ជាសារធាតុសរសៃរលាយ! សារធាតុនេះមានលក្ខណៈពិសេសអាចបង្កកទៅជាជែល gel និងតំណាងឱ្យដល់ទៅ ពាក់កណ្តាលនៃសារធាតុសរសៃរបស់ផ្លែប៉ោម និងមានបណ្ដុំជាពិសេសនៅជាប់សំបក។ សារធាតុសរសៃរលាយអាំចមានទំនាក់ទំនងមួយភាគជាមួយនឹងស្ករ កូឡេស្តេរ៉ូល ក្នុងពោះវៀន ដូច្នេះវាអាចជួយកាត់បន្ថយសម្រូបបាន។
 
គួរបរិភោគផ្លែប៉ោមមួយណា និងយ៉ាងដូចម្តេច ?

បរិមាណនៃធាតុសកម្ម ព្រមទាំងបរិមាណនៃវីតាមីន និងរ៉ែ ក្នុងផ្លែប៉ោម ប្រែប្រួលទៅតាមពូជដើម ឬការបេះ ខ្លីពេក ឬចាស់ល្មមញ៉ាំ ឬរបៀបដាំដុះដាក់ជីរ ដាក់ថ្នាំឱ្យល្អផ្លែ ។

 

ជាសរុប បរិភោគផ្លែប៉ោម គឺដូចជាមានកូនសោ ចាក់បើកទុយយោឱ្យឈាមមានចរន្តហូរកាត់សរីរាង្គកាយបានដោយស្រួល។ ផ្លែប៉ោមមានផ្ទុកសារធាតុប៉ូលីហ្វេណុល ដែលមានអំណាចអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា និង អំណាចប្រឆាំងនឹងកោសិការមហារីក។ សារធាតុប៉ូលីហ្វេណុល មានច្រើនបំផុតនៅជាប់សំបក។ ការសិក្សាទើបបានបញ្ជាក់ទៀតថា ការទទួលទានផ្លែប៉ោមជាជារៀងរាល់ថ្ងៃ អាចកាត់បន្ថយគ្រោះដាច់សរសៃឈាមក្នុងក្បាល។ ជាផ្លែឈើតូចមួយ សម្បូរដោយជាតិអាស៊ីតអឡាហ្សិក និងឌែលហ្វីនីឌីន ម៉ូលេគុលពីរនេះ អាចទៅកំចាត់ដុំពក ដុំមហារីក ដោយទៅបង្អាក់មិនឱ្យប្រព័ន្ធឈាមក្បែរគ្នា អាចពូនផ្តុំគ្នាជាដុំបាន។

 

ដូច្នេះ សូមកុំរួញរា នឹងបរិភោគផ្លែឈើប្រភេទនេះអី។ មួយកូនផ្លែ ឬមួយចំហៀង គ្រប់គ្រាន់ និង ឆ្លើយតបបានទៅនឹង អនុសាសន៍របស់ កម្មវិធីសុខភាពចំណីអាហារ ដែលណែនាំ បណ្តាជនគ្រប់រូប ឱ្យទទួលទានបន្លែ និង ផ្លែឈើ ៥មុខ ក្នុងមួយថ្ងៃ (មួយមុខ៨០ក្រាម)ហើយ។  ទឹកផ្លែឈើ ឬទឹកប៉ោមកំប៉ុង ឬច្រកដប មានប្រសិទ្ធិភាពផ្នែកអង់ទីអុកស៊ីដង់ ត្រឹមតែ ៣%ប៉ុណ្ណោះបើប្រៀបទៅ នឹង ផ្លែឈើស្រស់ ឬទឹកផ្លែប៉ោមគាបចេញពីផ្លែស្រស់។

 

ប៉ុន្តែ ផ្លែប៉ោម មានផ្ទុកសារធាតុ Fructose និង sorbitol ស្ករពីរប្រភេទដែលអាចធ្វើឱ្យមានបញ្ហា ពោះវៀន ដូចជាហើមពោះ ទល់ខ្សល់ រាករូស ចំពោះបុគ្គលខ្លះដែលមិនធន់នឹងសារធាតុស្ករពីរនេះ៕

 

 

អានអត្ថបទ៖ គុណប្រយោជន៍ដ៏អស្ចារ្យ ៩ យ៉ាងនៃ តែបៃតង មិនមែនជំនឿឮតគ្នានោះទេ

 

អត្ថបទ សុខភាព, អត្ថប្រយោជន៍ផ្លែឈើ