ហេតុផលចាំបាច់ ៧យ៉ាង ដែលលោកអ្នកគួរតែ គេងថ្ងៃ “ដេកថ្ងៃ”

ការងងុយគេងក្រោយពេលបាយ មិនមែនដោយសារតែ ក្រពះធ្វើការរំលាយអាហារ នាំឱ្យយើងទន់ភ្នែកទេ ប៉ុន្តែវាទំនងដូចជាចង្វាក់ធម្មជាតិរបស់សរីរាង្គកាយមនុស្សជាង  សេចក្តីសន្និដ្ឋានបែបនេះអាចធ្វើទៅកើត ដោយសំអាងថា ប្រសិនបើការងងុយគេងពេលថ្ងៃ មានជាប់ទាក់ទងនឹងការរំលាយអាហារមែន នោះប្រាកដជាគេត្រូវសង្កេតឃើញមានករណីងុយគេង ក្រោយពេលទទួលទានអាហារពេលព្រឹក ឬក្រោយទទួលទានអាហារពេលល្ងាច ហើយគេមិនត្រូវរកឃើញមានករណីអ្នកងុយដេកថ្ងៃឡើយ សម្រាប់អ្នកមិនបានបរិភោគអាហារថ្ងៃត្រង់នោះ។ ប៉ុន្តែវាមិនដូច្នេះសោះ អ្នកមិនបានបាយថ្ងៃ ក៏ចេះងុយគេងពេលថ្ងៃត្រង់ ត្រូវការសម្រាកពេលថ្ងៃដូចគ្នា។

 

sleep at lunch break time

 

មនុស្សត្រូវការដំណេកគ្រប់គ្រាន់ និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ពីគេងពី ៧ ទៅ ៨ ម៉ោង ជាមធ្យម ក្នុងមួយថ្ងៃ។ គេងក្រោម៦ម៉ោង ចាត់ទុកថា “មិនគ្រប់គ្រាន់” ដូច្នេះដើម្បីអាចបំពេញកង្វះខាតនេះបានខ្លះ ដំណោះស្រាយតែមួយគឺការ គេងថ្ងៃ។ ដូចលោកអ្នកនាងបានជ្រាបក្នុងកម្មវិធីសុខភាពមុនៗ ដែលបានលើកឡើងអំពីផលប៉ះពាល់នៃការទទួលទានដំណេកមិនគ្រប់គ្រាន់ រួចមកហើយថា មានការសិក្សាណាស់ដែលរកឃើញថា ការទទួលទានដំណេកខ្លីពេក ផ្តល់ផលអាក្រក់ខ្លាំងណាស់ដល់សុខភាព ៖ បង្កើនគ្រោះកើតជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ធាត់ជ្រុលចុកខ្លាញ់ ប្រព័ន្ធការពារខ្លួនចុះខ្សោយ ការចងចាំ និងភាពប្រុងប្រយ័ត្នធ្លាក់ចុះ កើតរោគព្រួយ និងកើតជំងឺធ្លាក់ទឹកចិត្ត ។ល។ និង។ល។ ដោយមិនភ្លេចឡើយគ្រោះថ្នាក់ចរាចរណ៍ដែលងាយកើតឡើងបានពេលអ្នកបើកបរនឿយហត់ គេងមិនឆ្អែត អត់ងងុយ ឬងងុយគេង។

 

តើហេតុផលចាំបាច់អ្វី ដែលលោកអ្នកគួរតែ គេងថ្ងៃ និង តើវាមានសារៈសំខាន់ យ៉ាងដូចម្តេចខ្លះ ចំពោះសុខភាពនោះ? ខាងក្រោមនេះ គឺជាការស្រាយបញ្ជាក់។

 

ហេតុផល ៧យ៉ាងដែលលោកអ្នក គួរតែសម្រាកថ្ងៃនោះ គឺវាមានផលប្រយោជន៍យ៉ាងច្រើនដូចជា ៖

  1. គេងថ្ងៃអាចកាត់បន្ថយភាពតានតឹង រឺក៏ហៅថា Stress
  2. អាចជួយឱ្យមានសមាធិល្អ និងរក្សាបានការចងចាំល្អ
  3. អាចផ្ទង់អារម្មណ៍បាននឹង ក្នុងការបញ្ចេញសកម្មភាពការងារ
  4. ធ្វើឲ្យមានគំនិតផ្តួចផ្តើមល្អ និងធ្វើឲ្យមុខងារប្រព័ន្ធប្រសាទមានលំនឹងល្អឡើងវិញ
  5. សម្រាកតែពីរឬបីនាទី ប៉ុណ្ណោះ អាចនឹងធ្វើឱ្យយើងស្ថិតទៅ ជាមនុស្សមានសភាពរហ័សរហួនជាមុន ដូចទើបតែចាប់ផ្តើមធ្វើការព្រឹកអញ្ចឹង
  6. ការសម្រាកថ្ងៃ អាចសូ្របយកថាមពលមកបំពេញសេចក្តីត្រូវការរបស់សរីរាង្គកាយឡើងវិញបាន
  7. អ្នកមានការងារមមាញឹក ជាប់រដឹក ដល់យប់ជ្រៅ ការសម្រាកពេលថ្ងៃបន្តិចបន្តួចសោះ អាចនឹងជួយបំពេញដំណេកពេលយប់បានពីមួយម៉ោង ទៅពីរម៉ោង ក្នុងមួយថ្ងៃ។

 

រយៈពេលគេងនៃការគេងថ្ងៃ

ចំពោះរយៈពេលនៃការគេងថ្ងៃវិញ  មិនមានទេក្បួនខ្នាត ឬវេជ្ជបញ្ជាពិសេសណាមួយ ប្រាប់ពី រយៈពេល នៃការគេងឡើយ គឺអាស្រ័យទៅតាមពេលវេលារបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែដើម្បីជាគោល សម្រាប់ជួយលោកអ្នក ការគេងថ្ងៃកំរិតស្តង់ដារ គឺ ២០នាទី។ ប៉ុន្តែជាថ្មីម្តង ចំនួន និងរយៈពេល គេងថ្ងៃ អាស្រ័យទាំងស្រុងទៅលើបុគ្គលម្នាក់ៗ ជួនទៅតាមពេលទំនេរ ជួនទៅតាមការចូលចិត្ត។

 

របៀបនៃការគេងថ្ងៃ

ចំពោះដំបូន្មានសម្រាប់ការគេងថ្ងៃ ដ៏សំខាន់បំផុតនោះ គឺត្រូវធ្វើដោយសម្រួល។ ប្រសិនបើមិនអាចទម្រេតគេង ដោយដាក់ខ្នងផ្ទាល់នឹងកន្ទេលឬគ្រែបានទេ គេងអង្គុយក៏បាន តែខ្នងត្រូវត្រង់ បើអាចត្រូវយកអ្វីមកទល់កល់ខ្នង ដាក់ក្បាលសង្កត់កើយទៅក្រោយក៏បាន ផ្កាប់មុខក៏បាន។ ដៃនិងជើង ត្រូវលាឱ្យត្រង់ កុំក្រព័ទ្ធ ឬគងខ្វែងគ្នា ហើយធ្មេចឬបិទភ្នែកសម្រាកចុះ។

 

ចុចអាន៖ «ដេកថ្ងៃ» ដឹងអត់? ថាវាមានប្រយោជន៍ខ្លាំងណាស់ សុខភាព និង ផលិតភាព