សារធាតុគីមី ១៧មុខ ជាភ្នាក់ងារបង្កជំងឺមហារីកសុដន់

តាមលទ្ធផល ​នៃ​ការ​ស្រាវជ្រាវ​អាមេរិក​  ដែល​​​បាន​បោះផ្សាយ​ក្នុង​​ទស្សនាវដ្តីសុខភាព Environmental Health Perspectives កាលពី​ថ្ងៃចន្ទ​ទី ១២ ឧសភា ២០១៤ ​ក៏​​បាន​បញ្ជាក់ផង​ដែរ អំពី​ផលិតផល​គីមី ជា​ភ្នាក់​ងារ​បង្ក​​ដុំ​ពក​មហារីក​ នៅ​ក្នុង​ក្រពេញ​ខ្លាញ់​សុដន់​របស់សត្វឆ្មា ​និង​​សុដន់​របស់​មនុស្ស។

 

Breast Cancer

 

នៅក្នុង​បញ្ជី​រាយ​ឈ្មោះ​សារធាតុ​គីមី​ ដែលអាច​បង្ក​ជំងឺ ​មហារីក​សុដន់​ ទាំង​១៧ ​ប្រភេទ ផលិតផល​ ​ដែល​ផ្តល់​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​ សារធាតុ​គីមីនៅ​ក្នុង​ប្រេង សាំង ប្រេង​ម៉ាហ្សូត និង​សារធាតុ​​​ដែល​ចេញ​បំពង់​ផ្សែង​រថយន្ត សារធាតុ​ដែល​ធ្វើ​មិន​ឱ្យ​ឆេះ /មិន​ឆេះ សារធាតុ​គីមី​ក្នុង​ក្រណាត់ ​ដែល​ធ្វើ​ឱ្យ​ក្រណាត់​នោះ ​មិន​ចេះ​ប្រលាក់ មិន​ចេះ​ជាប់​ដាន ផលិតផល​​លាង (លាង​ក្រចក) ផលិតផល​សម្រាប់​លាង​ជម្រះ​ព៌ណថ្នាំ​ (ថ្នាំលាប​ជញ្ជាំង) និង​ ក្រុម​ចង្ក្រោម​​​ផលិតផល​សម្រាប់​សម្អាត​សម្លាប់​មេរោគ​ មីក្រុប​ ដូច​ជា​សម្រាប់​ធ្វើ​ទឹក​ឱ្យ​ក្លាយ​ជា​ទឹក​ស្អាត​អាច​ផឹក​បាន​ ។

 

កត្តា​គ្រោះ​ថ្នាក់​ដែល​បា​ន​រៀប​រាប់​ខាង​លើ មិន​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​​ស្តី​អំពី ជំងឺ​មហារីក​សុដន់​ យក​មិនគិត​គូរ​ សោះ​​ពី​មុនមក។ ភាព​ប្រឈម​របស់​ស្ត្រី​នៅ​ចំពោះ​មុខ​សារធាតុ​គីមី ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក មិន​ត្រូវ​ទទួល​ការ​ចាប់​អារម្មណ៍ ក៏​ព្រោះ​តែ​ខ្វះ​ព័ត៌មាន​ ខ្វះ​របាយការណ៍​ស្តី​អំពី បណ្តុំ​សារធាតុ​គីមី​ក្នុង​ផលិត​ផល​នីមួយៗ សម្រាប់​យក​មក​វិភាគ។

 

មិន​ថា​នៅ​សហរដ្ឋ​អាមេរិក​ ឬ​នៅទីណា​ទេ គ្រប់​ស្ត្រី​សុទ្ធ​តែ​កំពុង​​រស់​ប្រឈម​មុខ​នឹង​សារធាតុ​គីមី​ ដែល​អាច​បង្កើន​គ្រោះ​កើត​ជំងឺ​មហារី​សុដន់​ទាំង​អស់ ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្តាយ​ភាគ​ច្រើន​គ្មាន​នរណា​​ដឹង​នៅ​ឡើយ អំពីឥទ្ធិពល​ដ៏​អាក្រក់​​នៃ​សារធាតុគីមី​នេះ​ចំពោះ​សុខភាព។

 

មហារីក​​សុដន់​ ជា​មូលហេតុ​ទី​ពីរ​ នៃ​មរណភាព​​របស់​ស្ត្រី​អាមេរិក​មាន​កើត​ជំងឺ​មហារីក ជាមួយ​នឹង អត្រា​ស្លាប់​ប្រមាណ​ ៤ម៉ឺន​នាក់​ ក្នុង​ឆ្នាំ​២០១៤​នេះ និង វិភាគ​​រក​ឃើញ​អ្នក​កើត​ជំងឺ​មហារីក​នៅ​សុដន់​ថ្មី​ជាង​ពីរសែន​ករណី​ទៀត។ ជា​សរុប​អាមេរិក​មាន​​ស្ត្រី​កើត​ជំងឺ​មហារីក​សុដន់​ដល់​ជិត​បី​លាន​នាក់។

 

ក្នុង​កំរិត​ពិភពលោក ជំងឺមហារីកសុដន់ ជា​ ជំងឺ​ធំទីពីរ ដែលមាន​អត្រា អ្នកស្លាប់ខ្ពស់ បន្ទាប់ពីជំងឺ​មហារីក មាត់ស្បូន។ ទោះ​ជា​វេជ្ជសាស្ត្រ​ស្គាល់​ភាពជឿនលឿន​យ៉ាង​ណា​ក៏​ដោយ ក៏​ចំនួន​ស្ត្រីកើតជំងឺមហារីកសុដន់ កើនឡើងឥតឈប់ឈរ ជារៀង​រាល់ឆ្នាំ។ ជាអាទិ៍នៅប្រទេសបារាំង ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៨ នាក់មានអាការៈកើត​ជំងឺមហារីក​សុដន់។ ចំណែកនៅប្រទេសកម្ពុជា ចំនួនអ្នកកើតជំងឺមហារីកសុដន់ មានដល់ ១៩ ​% នៃចំនួនអ្នក​ជំងឺមហារីកទាំងអស់ដែលចូលមកពិនិត្យនិងព្យាបាលជំងឺ នៅមន្ទីរពេទ្យ (តួលេខ​ឆ្នាំ​២០០៨)។
ឥលូវ​ព័ត៌មាន​មាន​គ្រប់គ្រាន់ លទ្ធផល​ស្រាវជ្រាវ​ក៏​ចេញផ្សាយ​ជា​សាធារណៈ​ទៀត ! ក្នុង​ពេល​រង់ចាំ​​ការ​ស្រាវជ្រាវ និង​របក​គំឃើញ​ថ្មីៗ ទាក់ទង​នឹង​ការ​ការ​ពារ​កុំ​ឱ្យកើត​ជំងឺ​មហារីក​សុដន់ ​កាត់បន្ថយ​ភាព​ប្រឈម​ ឬការ​​ប៉ះពាល់​ ការ​ស្រូប​​​ផលិតផល​គីមី​ពុល​ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ទំនង​ជា​នឹង​អាច​ជួយ​សង្គ្រោះ​ជីវិតលោក​អ្នក​​បាន​ច្រើន ឬ​យ៉ាង​ហោច​ណាស់​ក៏​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ក៏កាច​សាហាវ​នេះ​បាន​ខ្លះ​ដែរ។

 

ម្យ៉ាងវិញ​ទៀត  អនុសាសន៍​ដ៏​សំខាន់បំផុត ​ដែល​យើង​គួរ​ចង​ចាំ គឺ មិន​ខុស​ពី​ជំងឺ​មហារីក​ដទៃទៀតទេ នៅទីណាក៏​ដោយ ប្រសិនបើអ្នកជំងឺបានទៅពិគ្រោះ និង ធ្វើ​ការវិភាគ​ទាន់​ពេលវេលា លទ្ធភាព​នៃ​ការ​ជួយ​ស្រោចស្រង់​ជីវិតពិត​ជា​មាន​កំរិត​ខ្ពស់។ ការអញ្ចើញ​ទៅ​ថត តាម​ដាន​សុខភាព​ ជា​វីធី​ការពារ​ជីវិត​ដ៏​ប្រសើរ​បំផុត មិន​ខុស​អ្វី ពី​សុភាសិត​ខ្មែរ ដែល​ថា “ការពារ​ប្រសើរ​ជាង​ព្យាបាល​” នោះ​ឡើយ៕

 

 

អត្ថបទ៖ សុខភាព